ក្រុមអ្នកលេង Facebook បង្កើតកម្មវិធីប្រគំតន្ត្រីដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
កាលពីថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០១២ មានសមាជិកក្រុមអ្នកលេង Facebook មួយក្រុមដែលមានឈ្មោះថា “យើងរួមគ្នាដើម្បីគន្ធបុប្ផា” បានបង្កើតកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌មួយដើម្បីរៃអង្គាសថវិកា ក្នុងគោលបំណងប្រមូលថវិកានេះជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការជំនួយជាបន្ទាន់ដើម្បីបន្តជួយដល់កុមារនៅកម្ពុជា។ កម្មវិធីនេះប្រារព្ធនៅក្នុងភូមិ ព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ម្យ៉ាងវិញទៀតការប្រគំតន្ត្រីនេះពិតជាផ្ដល់នូវភាពសប្បាយរីករាយ ប្រកបដោយទឹកចិត្តមនុស្សធម៌ផងដែរ សបញ្ជាក់ឱ្យឃើញពីទឹកចិត្តនិងការសាមគ្គីគ្នារបស់យុវជនខ្មែរ។

លោក អ៊ាង គាវរៈ ដែលជាអ្នកបង្កើតក្រុមនេះឡើងបានបង្ហាញពីទឹកចិត្តសប្បាយរីករាយនៅពេលឃើញការចូលរួមសហការគ្នាយ៉ាងសស្រាក់សស្រាំបែបនេះ។ លោកបានប្រាប់ថាក្រុមយើងរួមគ្នាដើម្បីគន្ធបុប្ផាបានបង្កើតឡើងនៅថ្ងៃទី២៣ ខែ មិថុនាឆ្នាំ ២០១២ ហើយក្រុមរបស់លោកក៏ធ្លាប់បានប្រគល់ថវិកាដែលបានពីការរៃអង្គាសនេះយកទៅជូនលោក Dr. BEAT RICHNER ដែលជាប្រធានមន្ទីរពេទ្យគន្ធបុប្ផានៅសាខាខេត្តសៀមរាបផងដែរ។ លោកសុរិយវង្ស ទេវ័ន្តបានបញ្ជាក់ថាកាលពីថ្ងៃទី ០៤ សីហា កន្លងទៅ ថវិកាដែលប្រមូលយកទៅជូនមន្ទីរពេទ្យនោះសរុបបានប្រមាណជាង ៥២៣៥០០០រៀល និង ២៤៦៣ដុល្លារ ។ ហើយចំណែកថវិកាដែលប្រមូលបានបូកផ្សំនិងថវិកាដែលចំណេញពីការលក់ភេសជ្ជ នំ អាវយឺតផ្សេងៗ ក្នុងពេលប្រគំតន្ត្រីនេះ បានសរុបប្រមាណជាង ៤,២៦១,៦០០៛ + ៣៨៧$។ ទាំងអស់នេះស្ដែងពីការខិតខំប្រឹងប្រែងរបស់យុវជនយើងដែលមានទឹកចិត្តជួយដល់កុមារនៅកម្ពុជា។ នៅចុងបញ្ចប់នៃកម្មវិធីក៏មានការថតរូបទុកជាអនុស្សាវរីយ៍ និងការបរិភោគបបរសាមគ្គីផងដែរ៕
















