Published On: Wed, Aug 29th, 2012

អង្គការ​ VCD ​សហការ​ជាមួយ​ក្រុមហ៊ុន​ CM បើក​វគ្គ​បណ្តុះ​បណ្តាល​នៅ​ខេត្ត​កំពង់ធំ

នៅ​ថ្ងៃ​ទី​ ២៥ និង​២៦​ ខែ​សីហា​កន្លង​ទៅ​ លោក​នាយក​ក្រុមហ៊ុន​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ CM ​បាន​ចូល​រួម​សហការ​ជាមួយ​នឹង​ លោក​នាយក​នៃ​អង្គការ​អភិវឌ្ឍន៍​ទស្សនៈ​កម្ពុជា​ VDC ​​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​ស្ដី​ពី​ ការ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​អ្នក​ដែល​រឹង​មាំ​ ​នៅ​ក្នុង​សាលា​គរុកោសល្យ​ ខេត្ត​កំពង់ធំ​ ដែល​មាន​សិក្ខាកាម​ចូល​រួម​យ៉ាង​កុះករ។​

វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀប​ចំឡើង​ក្នុង​គោល​បំណង​ផ្តល់​ឱ្យ​សិក្ខាកាម​នូវ​ចំណេះ​ដឹង​ បទ​ពិសោធន៍ ​និង​គន្លឹះ​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ និង​ឥរិយាបថ​ជា​វិជ្ជមាន​ ដែល​ប្រកប​ដោយ​ប្រសិទ្ធិភាព​ ក្នុង​ការ​រៀប​ចំ ​ធ្វើ​ផែនការ​ ដើម្បី​សម្រេច​នូវ​គោល​ដៅ​នៃ​ជីវិត​ដោយ​ភាព​ជោគជ័យ។
ក្នុង​រយៈពេល​ ២ថ្ងៃ​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ ធ្វើ​ឱ្យ​សិក្ខាកាម​ទាំង​អស់​ ទទួល​បាន​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​ និង​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ពិត​ប្រាកដ ពី​ភាព​ភ័យ​ខ្លាច​ ទៅ​ជា​អ្នក​ជា​ក្លាហាន​ដ៏​រឹងមាំ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទៀតសោត​ សិក្ខាកាម​បាន​បញ្ចេញ​នូវ​អារម្មណ៍​រំភើប​សប្បាយ​រីករាយ ​ត្រេច​អរ​ក្រៃលែង​ ព្រោះ​ពួក​គេ​មិន​ដែល​ធ្លាប់​ជួប​សិក្ខា​សាលា​បែប​នេះ​ទេ​ពី​មុនៗ​មក ​ដែល​បង្កប់​ដោយ​បច្ចេកទេស​ចិត្ត​សាស្ត្រ​ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ និង​ជីវិត​រស់​នៅ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។​

ក្រោយ​ពី​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​បាន​បញ្ចប់​ទៅ ​សិក្ខាកាម​ទាំង​អស់​បាន​បញ្ចេញ​មតិ​ស្ងប់​ស្ងែង​កោត​សរសើរ​នូវ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ថា​ វគ្គ​បណ្ដុះបណ្ដាល​ដែល​ពួកគេ​បាន​សិក្សា​នេះ​ពិត​ជា​ធ្វើ​ឱ្យ​ជីវិត​របស់​ពួកគេ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ ព្រោះ​បាន​ផ្ដល់​ឱកាស​ឱ្យ​ពួក​គេ​បាន​បញ្ចេញ​មតិ​យោបល់​ជា​សាធារណៈ​ ការ​ធ្វើ​ការ​ជា​ក្រុម​ និង​ការ​ប្ដេជ្ញា​ចិត្ត​ផ្ទាល់​ខ្លួន​ដើម្បី​សម្រេច​គោល​ដៅ​នៃ​ជីវិត​ទៅ​ថ្ងៃ​អនាគត​ ហើយ​ថែម​ទាំង​បាន​ស្នើ​ឱ្យ​លោក​សាស្ត្រាចារ្យ​បន្ត​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ថ្មី​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ចំណេះ​ដឹង​កាន់​តែ​ច្រើន​ថែម​ទៀត ជា​ប្រយោជន៍​ធ្វើ​ឱ្យ​ដំណើរ​ជីវិត​របស់​ពួកគេ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ឥត​ឈប់ឈរ៕ បន្ទាប់​មក​មាន​ការ​ថត​រូប​រួម​គ្នា​ ដើម្បី​ទុក​ជា​អនុស្សាវរីយ៍៕

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២