វគ្គបណ្ដុះបណ្ដាលថ្មីរបស់អង្គការ VCD រួមជាមួយ CM នៅក្រុងព្រះសីហនុ
នៅថ្ងៃទី ១៥ និង១៦ ខែសីហា សប្ដាហ៍មុននេះ លោកនាយកក្រុមហ៊ុនទស្សនាវដ្ដីវិទ្យាសាស្ត្រកុំព្យូទ័រ CM បានចូលរួមសហការជាមួយនឹង លោកនាយកនៃអង្គការអភិវឌ្ឍន៍ទស្សនៈកម្ពុជា VDC រួមទាំងលោកអគ្គនាយកក្រុមហ៊ុន AGS Group បានបើកវគ្គបណ្ដុះបណ្ដាលមួយស្ដីពី ការផ្លាស់ប្ដូរខ្លួនឯងឱ្យមានភាពរឹងមាំ និងក្លាហាន នៅសណ្ឋាគារឆ្នេរជលសារ ក្រុងព្រះសីហនុ ដែលមានសិក្ខាកាមចូលរួមសរុបជាង ២០០នាក់។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងជួយណែនាំដល់សិស្ស និស្សិតឱ្យចេះរៀបចំផែនការ និងគោលដៅជីវិតឱ្យបានត្រឹមត្រូវ និងមានភាពក្លាហាន និងរឹងមាំលើវិថីជីវិតដើម្បីយកឈ្នះរាល់ឧបសគ្គ និងបញ្ហាដែលកើតមានក្នុងជីវិត។
ក្នុងរយៈពេល ២ថ្ងៃនៃវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឱ្យសិក្ខាកាមទាំងអស់ ទទួលបានចំណេះដឹង ចំណេះធ្វើ និងមានការផ្លាស់ប្ដូរយ៉ាងពិតប្រាកដ។ មិនត្រឹមតែប៉ុណ្ណោះសោត សិក្ខាកាមបានបញ្ចេញនូវអារម្មណ៍សប្បាយរីករាយ ដែលបង្កប់ដោយបច្ចេកទេសចិត្តសាស្ត្រនៃជីវិតរស់ក្នុងសង្គមឱ្យបានល្អប្រសើរ។
ក្រោយពីវគ្គបណ្ដុះបណ្ដាលនេះបានបញ្ចប់ទៅ សិក្ខាកាមទាំងអស់បានបញ្ចេញមតិកោតសរសើរនូវវគ្គបណ្ដុះបណ្ដាលនេះដែលមិនធ្លាប់មានពីមុនមកថា វគ្គបណ្ដុះបណ្ដាលពិតជាធ្វើឱ្យជីវិតរបស់ពួកគេមានការផ្លាស់ប្ដូរជាវិជ្ជមាន ព្រោះបានផ្ដល់ឱកាសឱ្យពួកគេបានបញ្ចេញមតិយោបល់ ធ្វើការជាក្រុម និងការប្ដេជ្ញាចិត្តផ្ទាល់ខ្លួនដើម្បីសម្រេចគោលដៅនៃជីវិតទៅថ្ងៃអនាគត ហើយថែមទាំងបានស្នើឱ្យលោកសាស្ត្រាចារ្យបន្តបើកវគ្គបណ្ដុះបណ្ដាលថ្មីបន្ថែមទៀត ដើម្បីឱ្យពួកគេទទួលបានចំណេះដឹងកាន់តែច្រើន៕


















