សន្និសីទ TYPO3 ដំបូងបំផុតនៅអាស៊ី

កាលពីថ្ងៃទី ១៧-១៩ ខែសីហា ឆ្នាំ ២០១២ ក្រុមហ៊ុន Web- Essential បានរៀបចំសន្និសីទមួយស្ដីអំពី TYPO3 ជាលើកដំបូងនៅអាស៊ី ហើយជាកត្តិយសសម្រាប់ប្រទេសកម្ពុជាដែលបានរៀបចំសន្និសីទនេះឡើងនៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នៅទីក្រុងភ្នំពេញ។ សន្និសីទនេះផ្ដោតទៅលើបច្ចេកព័ត៌មានវិទ្យា ជំនួញបច្ចេកវិទ្យា និងការចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងរបស់វាគ្មិនល្បីៗដែលចូលរួមមកពីបណ្ដាលប្រទេសជាច្រើនជុំវិញពិភពលោក មានដូចជា ប្រទេសកម្ពុជា ដាណឺម៉ាក អាលឺម៉ង បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន អូស្ត្រាលី ញូវ សេឡែន ស្វីស សេឡែន អាមេរិក និងវៀត ណាម។

លោក Kasper Skårhøj ដែលជាអ្នកបង្កើត TYPO3 ក៏បានចូលរួមនៅក្នុងសន្និសីទនេះផងដែរ លោកបានប្រាប់ CM យើងថានេះជាលើកទីមួយរបស់លោកដែលបានមកដល់ប្រទេសកម្ពុជា ហើយលោកពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ ដែលបានចែករំលែកបទពិសោធន៍របស់លោកទៅកាន់មនុស្សជាច្រើន ជាពិសេសសិស្សនិស្សិតនៅកម្ពុជា ។ លោកបានបញ្ជាក់ទៀតថា TYPO3 គឺជា Web CMS មួយដែលបានបង្កើតនៅក្នុងឆ្នាំ ១៩៩៧ ហើយទទួលបានការគាំទ្រនិងការពេញនិយមប្រើប្រាស់ពីសំណាក់ Web Developer ជាច្រើនទូទាំងពិភពលោក។ មានប្រមាណជាង ៥០០ ០០០ គេហទំព័រដែលប្រើប្រាស់ CMS របស់ TYPO3 ហើយមានប្រមាណជាង ៥ ៥១៨ Extension និងទទួលការទាញយកប្រមាណជាង ៥ ៨២៨ ៥៨៣។ លោកសង្ឃឹមថានៅថ្ងៃអនាគត TYPO3 នឹងទទួលបានការប្រើប្រាស់ពេញនិយមកាន់តែខ្លាំងទាំងនៅកម្ពុជានិងប្រទេសផ្សេងៗទៀត។
លោក Hau Danh ដែលជា PHP Developer មកពីប្រទេសវៀតណាម ក៏បានចាប់អារម្មណ៍ចំពោះសន្និសីទនេះដែរ លោកបានបញ្ជាក់ថា លោកពិតជាទទួលបានចំណេះដឹងនិងបទពិសោធន៍ជាច្រើន ដែលកាលពីមុនលោកពិតជាមានចម្ងល់យ៉ាងខ្លាំងអំពីការធ្វើជំនួញនិងការប្រើប្រាស់ CMS របស់ TYPO3 ។
នាថ្ងៃទី ១៩ គឺជាថ្ងៃ Student’s Day ដែលមានបណ្ដាសិស្សនិស្សិតជាច្រើនបានចូលរួមនៅក្នុងសន្និសីទនេះ ហើយមានប្រធានបទមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងគឺ Jobs in IT (ការងារនៅក្នុងវិស័យ IT) ដែលមានសំណួរនិងការបកស្រាយយ៉ាងលម្អិតពីសំណាក់វាគ្មិន ។ និស្សិតម្នាក់បានសួរទៅកាន់វាគ្មិនថា សព្វថ្ងៃនេះមាននិស្សិតជាច្រើនដែលបញ្ចប់ការសិក្សានៅក្នុងវិស័យ IT ប៉ុន្តែពួកគេពិតជាពិបាកនៅក្នុងការស្វែងរកការងារនៅក្នុងវិស័យនេះ ។ លោកស្រី សុខា អ្នកគ្រប់គ្រងក្រុមហ៊ុន HR,co ltdបានបញ្ជាក់ថា ការសិក្សា IT មិនមែនគ្រាន់តែរៀននោះទេ គឺសំខាន់ការយកចិត្តទុកដាក់នៅក្នុងពេលសិក្សានិងការព្យាយាមនៅក្នុងការអនុវត្តការងារជាក់ស្តែង។ ភាគច្រើននៃនិស្សិតដែលទទួលបានជោគជ័យនៅក្នុងវិស័យ IT គឺពួកគេពិតជាមានការខំប្រឹងនៅក្នុងពេលសិក្សា វាមិនមែនគ្រាន់តែសិក្សានៅក្នុងសាលានោះទេ គឺវាថែមទាំងការសិក្សា ការអនុវត្តការងារជាក់ស្តែងនៅខាងក្រៅផងដែរ។
សិក្ខាសាលានេះបញ្ចប់ដោយភាពសប្បាយរីករាយនិងមានអនុវស្សវរីយ៍ច្រើនបំផុត ព្រមទាំងមានការចាប់ឆ្នោតយករង្វាន់នៅចុងសិក្ខាសាលាផងដែរ៕
ដោយ ឈាង វុទ្ធា
សូមមើលរូបភាពសកម្មភាពសន្នីសីទ (All Pictures)

















