ព្រឹត្តិការណ៍បើកទូលាយធ្វើកិច្ចពិភាក្សាស្ដីពីព័ត៌មានវិទ្យា

កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១២ នៅសាកលវិទ្យាល័យ Zaman មានប្រារព្ធនូវសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រុមចែកគ្នានិយាយ IT ក្រោមប្រធានបទ “ព្រឹត្តិការណ៍បើកទូលាយ “។សិក្ខាសាលានេះមានវត្តមានពីសំណាក់សិស្សនិស្សិតជាច្រើននាក់ដែលមកពីសាកលវិទ្យាល័យជាច្រើននៅក្នុងទីក្រុងភ្នំពេញ។ការរៀបចំសិក្ខានេះឡើង ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងផ្នែកព័ត៌មានវិទ្យាដល់កូនខ្មែរទាំងអស់ឱ្យបានយល់អំពីបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ។ លោកជី សុផាត ជាអភិបាលក្រុមចែកជានិយាយ IT បាននិយាយថា នេះជាលើកទី៦ហើយដែលក្រុមចែកគ្នានិយាយ ព័ត៌មានវិទ្យាIT បានធ្វើការជួបជុំគ្នាដើម្បីស្វែងយល់និងចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមក ហើយកាលពីលើកទី៥ ក្រុមនេះក៏បានរៀបចំជំនួបក្រុមនៅក្នុង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិទ្យាសាស្ត្រកុំព្យូទ័រម្ដងរួចមកហើយ ប៉ុន្តែលើកទី៦ នេះគឺមានការចូលរួម និងការជួយឧបត្ថម្ភជាច្រើន។ យ៉ាងណាមិញទស្សនាវដ្ដីវិទ្យាសាស្ត្រកុំព្យូទ័រដែលជាទស្សនាវដ្ដីនាំមុខគេផ្នែកបច្ចេកវិទ្យាក៏បានចែកចូលរួមចំណែកជាមួយក្រុមចែកគ្នានិយាយ IT នេះដែរដោយបាបផ្ដល់នូវទស្សនាវដ្ដីវិទ្យាសាស្ត្រកុំព្យូទ័រចំនួន៣០០ក្បាល។ ចំណែកខាងកាសែត IT Executive ក៏បានចូលរួមផងដែរ ដោយក្នុងម្នាក់ទទួលបានកាសែតចំនួនមួយច្បាប់ ហើយរួមជាមួយនោះដែរកម្មវិធីកម្ចាត់មេរោគ Panda ក៏បានជួយចែករំលែកនូវ កម្មវិធីកម្ចាត់មេរោគ Panda ចំនួន ៥០ licenses ផងដែរព្រមទាំងមានការលក់បញ្ចុះតម្លៃពិសេសទៀតផង។ ចំពោះសិក្ខាសាលានេះបានរៀបចំនូវបទបង្ហាញដល់អ្នកចូលរួមដូចជា សុវត្ថិភាពលើអ៊ីនធឺណិត វីគីភីឌាជាភាសាខ្មែរ ការដំឡើង WordPressការរចនានិងបង្កើតពុម្ពខ្មែរ កម្មវិធី Firefox ជាភាសាខ្មែរ កម្មសិទ្ធិបញ្ញាលើបណ្ដាញកុំព្យូទ័រ និងការដំឡើងប្រព័ន្ធប្រតិបត្តិការ Ubuntu លើកុំព្យូទ័រជាដើមផងដែរ។ យុវៈនិស្សិតម្នាក់ឈ្មោះ យ៉ាង ពិសី ដែលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានធ្វើការចាប់អារម្មណ៍លើ សិក្ខាសាលានេះថា វាជាលើកដំបូងហើយខ្លួនគាត់បានចូលរួមសិក្ខាសាលាបែបនេះ ហើយវាពិតជាផ្ដល់ចំណេះដឹងថ្មីៗដល់រូបគាត់ជាច្រើន ជាពិសេសគាត់ចាប់អារម្មណ៍លើការបង្កើតកម្មវិធីកុំព្យូទ័រជាភាសាខ្មែរ គឺវាផ្ដល់លក្ខណៈងាយស្រួលដល់ប្រជាជនខ្មែរ ហើយថែមទាំងអាចបង្ហាញដល់ពិភពលោកអំពីអក្សរខ្មែរ និងជាពិសេសគឺអាចបង្ហាញថាប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលរីកចម្រើនមិនអន់នោះទេ។

ក្រោយពេលបញ្ចប់សិក្ខាសាលាពួកគេបានថតរូបទុកជាអនុស្សាវរីយ៍និងបានចែក CD និង DVD កម្មវិធីប្រព័ន្ធប្រតិបត្តិការអូផឹនស៊ូស៊ីនិងកម្មវិធីមួយចំនួនទៀតដល់សិក្ខាកាម ព្រមទាំងធ្វើការដំឡើងកម្មវិធីជាភាសាខ្មែរសម្រាប់ទូរស័ព្ទប្រភេទ Android ដោយឥតគិតថ្លៃផងដែរ។ ពួកគេក៏បានរំពឹងទុកថាចំពោះការធ្វើជំនួបនិយាយអំពី IT លើកក្រោយៗ នឹងមានអ្នកចូលរួមនិងគាំទ្រកាន់តែច្រើនឡើងៗ។
គួរបញ្ជាក់ផងដែរថាក្រុមចែកគ្នានិយាយ IT នេះគឺជាក្រុមមួយដែលបានបង្កើតឡើងតាមរយៈគេហទំព័រ Facebook ហើយទទួលបានការចាប់អារម្មណ៍ពីសំណាក់សិស្សនិស្សិត IT ជាច្រើន។ ពួកគេធ្វើការដោះស្រាយបញ្ហាតាមរយៈ Facebook ហើយមកដល់ពេលនេះពួកគេមានសមាជិកជាច្រើនដើម្បីជួយដោះស្រាយបញ្ហា និងចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក។

















