ក្រុមហ៊ុន Capcom បង្ហាញព័ត៌មានខ្លះៗពី Resident Evil 6

ខែមុននេះក្រុមហ៊ុន Capcomបានប្រកាសពីហ្គេម Resident Evil 6 នឹងដាក់ឱ្យលេងជាមួយម៉ាស៊ីន Xbox 360 និង Play station 3 ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ២០១២ខាងមុខនេះ តែចំពោះ PC Version នឹងត្រូវដាក់បន្ទាប់ពេលក្រោយ។ ជាមួយនិងលក្ខណៈពិសេសរបស់ហ្គេម Resident Evil6 វាមានសំឡេងលាន់រណ្ដំពិតៗ ហាក់ដូចជាយើងស្ថិតក្នុងហេតុការណ៍នោះដែរ។ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនក៏បានប្រាប់ពីតួអង្គក្នុងហ្គេមនោះដែរថា មានតួឯកពីរនាក់ គឺ Leon Kennedy និង Chris Redfield ត្រូវបានចុះបេសកកម្មជុំវិញពិភពលោកត្រង់ទីតាំងកន្លែងដែលត្រូវ Virus វាយប្រហារនាំឱ្យមនុស្សជាតិក្លាយជាខ្មោចឆៅឬហៅថាZombie។
តាមទស្សនាវដ្ដីហ្គេម Famitsu របស់ប្រទេសជប៉ុនបានសរសេរថា៖ Capcom នឹងកែច្នៃឱ្យខ្មោចឆៅ អាចរត់បាននិងចេះប្រើអាវុធដូចជាកាំភ្លើង កាំបិតជាដើម។ ជាពិសេសវាមិនខ្លាច Anti-Virus តែក៏មិនមែនទាំងអស់ដែរ។ ជាមួយការគេចផុតពីសេចក្ដីស្លាប់ឬក្លាយជាផ្នែកមួយនៃខ្មោចឆៅក្រុមហ៊ុនបានធ្វើឱ្យតួអង្គមានសមត្ថភាពអាចរត់អាចតម្រង់កាំភ្លើងចំគោលដៅអាចគេចខ្លួនយ៉ាងរហ័សចេះមមាលខ្លួនចេះក្រាបទៅនឹងដីជាពិសេសចេះប្រើកាំបិតនិងកណ្ដាប់ដៃដើម្បីការពារខ្លួនចេញឱ្យផុតពីភាពគ្រោះថ្នាក់។
នេះជាដំណឹងគួរឱ្យចាប់អារម្មណ៍ណាស់សម្រាប់អ្នកចូលចិត្តលេងហ្គេមផ្សងព្រេងដែលពោពេញដោយភាពភ័យខ្លាចនិងការបន្តលេងហ្គេម Resident Evil 6 ជំនាន់ក្រោយ៕

















