Xbox 720 នឹង​ភ្ជាប់​មក​ជាមួយ​ដៃ​បញ្ជា​ដោយ​មាន​អេក្រង់​ Tochscreen

ក្នុង​អំឡុង​ចុង​ឆ្នាំ​២០១១ រហូត​ដល់​បច្ចុប្បន្ន​យើង​បាន​ឮ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​អំពី ​Xbox 720 ​របស់​ក្រុមហ៊ុន​ Microsoft ​ដែល​វា​នៅ​តែ​ជា​មន្ទិល​ពី​កាលបរិច្ឆេទ ​និង​តម្លៃ​​លក់​លើ​ទី​ផ្សារ។​

យោង​តាម​ព័ត៌មាន​ចុង​ក្រោយ​ពី​ទស្សនាវដ្ដី​ Xbox World​ បាន​ឱ្យ​ដឹង​ថា Xbox 720 វា​នឹង​មាន​ប្រដាប់​បញ្ជា​ដោយ​ភ្ជាប់​ជាមួយ​នឹង​ អេក្រង់​ Touchscreen ដែល​បាន​រចនា​ឡើង​នៅ​ចំ​កណ្ដាល​នៃ​ប្រដាប់​បញ្ជា​ រួម​ជាមួយ​ប៊ូតុង​បញ្ជា​ជាច្រើន​នៅ​អម​សងខាង​ផង​ដែរ។ ប្រដាប់​បញ្ជា​មួយ​នេះ​​អាច​ប្រើ​ជំនួស​ប្រដាប់​បញ្ជា​ពី​ចម្ងាយ​ នៅ​លើ​អេក្រង់ TV របស់​វា​ហើយ​ក៏​អាច​ប្រើ​ប្រាស់ Browser​ ដើម្បី​ឆែក Internet បាន​ ហើយ​ថែម​ទាំង​មាន​ប៊ូតុង​ជាច្រើន​សម្រាប់​ជួយ​សម្រួល​ការ​លេង​ហ្គេម​របស់​អ្នក​ឱ្យ​មាន​ភាព​ងាយ​ស្រួល​។​ មិន​តែ​ប៉ុណ្ណោះ​វា​មាន​អេក្រង់​លក្ខណៈ Portable ដែល​អាច​លេង​ហ្គេម​ដោយ​មិន​បាច់​មាន TV

តាម​ព័ត៌មាន​បន្ថែម​ដែល​បាន​ពី​ទស្សនាវដ្ដី​ដែល​បាន​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​អ្នក​អាន​នោះ​ត្រង់​ថា៖ Xbox 720 នឹង​ត្រូវ​បាន​រចនា​រូបរាង​ឡើង​យ៉ាង​ស្រស់​ស្អាត​ជា​មួយ​នឹង​ពណ៌​ខ្មៅ​គ្រើម​ហើយ​អាច​បញ្ចេញ​សំឡេង​បាន​ដោយ​ម៉ាស៊ីន​របស់​វា​ផ្ទាល់​ជា​ពិសេស​អ្នក​អាច​លេង​ហ្គេម​ បាន​ចំនួន​មនុស្ស​៤​នាក់​ថែម​ទៀត។

ប៉ុន្តែ​អ្វី​ដែល​ជា​ដំណឹង​អាក្រក់​សម្រាប់​អតិថិជន​តម្លៃ Xbox ជំនាន់​ក្រោយ​នេះ​ វា​ថ្លៃ​បន្តិច​បើ​ប្រៀប​ធៀប​នឹង​ Xbox 360។ តាម​របាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា Xbox 720 វា​មាន​តម្លៃ​ប្រហែល​ ៦២៨$ លើ​ទីផ្សារ​អន្តរជាតិ​ ប៉ុន្តែ​នេះ​មិន​មែន​ជា​តម្លៃ​ផ្លូវ​ការ​របស់​វា​ទេ​គឺ​អាស្រ័យ​ទៅ​លើ​លក្ខណៈ​ពិសេស​របស់ Xbox 720 និង​កញ្ចប់​ដែល​ភ្ជាប់​ជា​មួយ​វា៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២