រូបភាព​ទូរស័ព្ទ​ដៃLG Optimus 3D 2 នឹងត្រូវ​​ដាក់​បង្ហាញ​ជា​លើក​ដំបូង MWC

រូបភាព​ទូរស័ព្ទ​ដៃLG Optimus 3D 2 ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​និង​ដាក់​បង្ហាញ​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ដែល​ស្ដីពី​ទូរស័ព្ទ​ចល័ត​ទូទាំង​ពិភពលោក​ដែល​ហៅ​កាត់​ថា MWC (Mobile World Congress)។ ទូរស័ព្ទ​ជំនាន់​ថ្មី​មួយ​នេះ​នឹង​មាន​កម្រាស់​ស្ដើង​ជាង​មុន​និង​មាន​ពន្លឺ​ច្បាស់​ជាង​ទូរស័ព្ទ Optimus 3D ជំនាន់​មុន​ទៅទៀត។
គេ​បាន​បញ្ជាក់​ទៀត​ថា​កម្រាស់​ទូរស័ព្ទ​ដៃ LG Optimus 3D 2 នេះ​គេ​បាន​ផ្លាស់​ប្ដូរ​ពី 11.9 មិល្លីម៉ែត្រ​មក​ត្រឹមតែ 9.8 មិល្លីម៉ែត្រ​ប៉ុណ្ណោះ​ហើយ​ចំពោះ​ទម្ងន់​របស់​វា​វិញ​ត្រូវ​បាន​គេ​កាត់​បន្ថយ​អស់​ជាង ២០ ក្រាម។ ​ក្នុង​នោះ​ក៏​ពាក្យ​ចចាមអារ៉ាម​ខ្លះ​បាន​លេច​ឮ​ថា​ទូរស័ព្ទ​នេះ​មាន CPU dual-core 1.2GHzមាន​កាមេរ៉ា ៥ មេហ្គាភិចសែល​និង​មាន​សមត្ថភាព​អាច​ថតរូប 3D បាន​ថែមទៀត​ផង​ហើយ​អាច​ផ្ទុក​ទិន្នន័យ​បាន 8GB មាន Bluetooth 3.0 និង​ដំណើរការ​ដោយ​ប្រព័ន្ធ Android 2.3 ។​ជាពិសេស​វា​អាច​ដំណើរ​ការ​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​នូវ 21Mbps HSPA+Network ។​ទូរស័ព្ទ​ដៃLG Optimus 3D 2 នេះ​ត្រូវ​បាន​គេ​សង្ឃឹម​ទុក​ថា​នឹង​ដំណើរការ​នៅ​ដើម​ឆ្នាំ ២០១២ នេះ​ក្នុង​បណ្ដាញ​ទូរគមនាគមន៍ SK នៅ​ប្រទេស​កូរ៉េ។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ MWC នេះ​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​កុម្ភៈ​នេះ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មីនា​ ឆ្នាំ​២០១២៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២