Panda Anti-virus បាន​ធ្វើ​សិក្ខាសាលា​ចែក​រំលែក​ចំណេះដឹង​នៅ​សាកលវិទ្យាល័យ CUS

កាល​ពី​ព្រឹក​ថ្ងៃ​ទី ១០ ខែ កុម្ភៈ ឆ្នាំ​២០១២ ក្រុមហ៊ុន​ PerfexTech បាន​ធ្វើ​សិក្ខា​សាលា​នៅ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា (CUS) សាខា​ទួលគោក​រាជធានី​ភ្នំពេញ​ក្រោម​ប្រធាន​បទ ពាណិជ្ជកម្ម​អាជីវកម្ម​និង​បច្ចេកវិទ្យាដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​សិស្ស​និស្សិត​ផ្នែក​ព័ត៌មានវិទ្យា ​សេដ្ឋកិច្ច​ធនាគារ​ហិរញ្ញវត្ថុ​និង​ផ្នែក គ្រប់គ្រង​រួម​ទាំង​បុគ្គលិក​សិក្សា​នៃ​សាកលវិទ្យាល័យ​ផង​ដែរ។ ការ​រៀបចំ​សិក្ខា​សាលា​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​សិស្ស​និស្សិត​យល់​ដឹង​ពី​ប្រភេទ​មេរោគ​កុំព្យូទ័រ​ របៀប​ការ​ពារ​កុំព្យូទ័រ​ដោយ​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ Panda និង​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​នឹង​បច្ចេកវិទ្យា។ នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​ដែល​សាកលវិទ្យាល័យ CUS បាន​សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន PerfexTech ដើម្បី​រៀបចំ​កម្មវិធី​នេះ​ឡើង។ លោក​បណ្ឌិត សំ​ ប៊ុនណែល​ ជា​អ្នក​តំណាង​ឱ្យ​សាកលវិទ្យាល័យ CUS បាន​មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃ​នេះ​បច្ចេកវិទ្យា​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​វា​ពិត​ជា​ផ្ដល់​លក្ខណៈ​ងាយស្រួល​ដល់​សង្គម​មនុស្ស​ប៉ុន្តែ​វា​ក៏​ផ្ដល់​ផល​ប៉ះពាល់​ដល់​មនុស្ស​ផង​ដែរ​ដូចជា​ការ​ប្រើប្រាស់​កុំព្យូទ័រ​ជា​ដើម​វា​បាន​ជួយ​មនុស្ស​ស្ទើរ​គ្រប់​ការងារ​ទាំង​អស់​ប៉ុន្តែ​នៅ​ពេល​ដែល​កុំព្យូទ័រ​មាន​បញ្ហា​ដោយ​ការ​ឆ្លង​មេរោគ​ការ​លួច​ទិន្នន័យ​តាម​អ៊ីនធឺណិត​ជាដើម​គឺ​វា​ទាមទារ​ឱ្យ​មាន​កម្មវិធី​កម្ចាត់​មេរោគ​ដូច​នេះ​វា​ជា​ការ​ប្រសើរ​បំផុត​ដែល​ក្រុមហ៊ុន PerfexTech បាន​នាំ​កម្មវិធី​កម្ចាត់​មេរោគ Panda នេះ​មក​ហើយ​វា​ក៏​ជា​ការ​ចែក​រំលែក​ចំណេះដឹង​ផ្នែក​ព័ត៌មានវិទ្យា IT ដ៏​ល្អ​បំផុត​សម្រាប់​និស្សិត​ CUS បន្ទាប់​ពី​លោក​បណ្ឌិត​មាន​ប្រសាសន៍​រួច លោក​ជី សុផាត ជា​មន្ត្រី​ទីផ្សារ​របស់​ក្រុមហ៊ុន PerfexTech បាន​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​មេរោគ​កុំព្យូទ័រ​និង​វិធី​ការពារ​ក្នុង​ពិភព​អ៊ីនធឺណិត​ ហើយ​ការ​ធ្វើ​បទ​បង្ហាញ​នេះ​ផ្ដោត​ទៅលើ​ប្រភេទ​មេរោគ​កុំព្យូទ័រ​ ដូចជា​មេរោគTrojan , Win 32, Key Logger, Spam ជាដើម​ដែល​វា​ភ្ជាប់​ខ្លួន​ទៅ​នឹង​ឯកសារ Patch/Crack ក្នុង​កុំព្យូទ័រ​របស់​យើង។​ម្យ៉ាងវិញទៀត​ការ​ចម្លង​មេរោគ​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​ មាន​តាមរយៈ​ជា​ច្រើន​ដូចជា​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ការ​ចម្លង​តាម​ Flash, External HDD ជា​ដើម​ដោយ​ពពួក​មេរោគ​ទាំង​នោះ​វា​បាន​បំផ្លាញ​ឯកសារ​ឬ​លួច​ទិន្នន័យ​របស់​យើង។ លោក​បាន​បន្ថែម​ទៀត​ថា​ដើម្បី​ការពារ​នូវ​មេរោគ​ទាំង​អស់​នោះ​គឺ​មាន​តែ​កម្មវិធី​កម្ចាត់​មេរោគ Panda តែ​ប៉ុណ្ណោះ​ហើយ​ជា​កម្មវិធី​បាន​នាំ​ចូល​មក​ពី​ប្រទេស​អេស្ប៉ាញ​ វា​អាច​ការពារ​កុំព្យូទ័រ​និង​ ការពារ​ទិន្នន័យ​របស់​យើង​ឱ្យ​មាន​សុវត្ថិភាព​គ្រប់​ពេល។ ស្រប​ពេល​នោះ​ដែរ​លោក បេ ចន្រ្តា ដែល​ជា​នាយក​គ្រប់គ្រង​កម្មវិធី​កម្ចាត់​មេរោគ​ Panda ក៏​បាន​ធ្វើ​បទ​បង្ហាញ​មួយ​ស្ដី​អំពី​អាជីវកម្ម​និង​ទីផ្សារ​ក្នុង​សម័យ​បច្ចេកវិទ្យា​ដោយ​លោក​បាន​បង្ហាញ​ពី​ការ​ធ្វើ​ទីផ្សារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដូចជា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត Facebook, Twitter, Google Plus ជាដើម​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​យ៉ាង​ច្រើន​ដោយ​ងាយស្រួល​ហើយ​មិន​ចាំបាច់​ចំណាយ​ទុន​ច្រើន។ ម្យ៉ាងវិញទៀត លោក​ក៏​បាន​បង្ហាញ​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក​ផង​ដែរ​ទាក់ទង​និង​ការ​ធ្វើ​អាជីវកម្ម​ខាង​ផ្នែក​បច្ចេកវិទ្យា​ដល់​និស្សិត​ទាំងអស់​ដែល​បាន​ចូលរួម។ ខណៈ​ដែល​លោក​មាន​ប្រសាសន៍​ចប់​និស្សិត​ម្នាក់​ឈ្មោះ យី គាន រៀន​ផ្នែក​ព័ត៌មានវិទ្យា​ឆ្នាំ​ទី​ ១ ​នៃ​សាកលវិទ្យាល័យ CUS ដែល​បាន​ចូល​រួម​សិក្ខាសាលា​​នេះ​បាន​មាន​ចំណាប់​អារម្មណ៍​ថា​គាត់​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​តាំង​បង្ហាញ​កម្មវិធី​កម្ចាត់​មេរោគ Panda នេះ​ព្រោះ​វា​អាច​ការពារ​កុំព្យូទ័រ​ពី​ពពួក​មេរោគ​និង​ពួក Hacker បាន​ផង​ដែរ។ លោក អេង ឧត្តម​ និស្សិត IT ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ CUS ក៏​មាន​ចំណាប់​អារម្មណ៍​ចំពោះ​សិក្ខាសាលា​នេះ​ដែរ​ថា​សិក្ខាសាលា​នេះ​បាន​ផ្ដល់​ចំណេះដឹង​យ៉ាង​ល្អ​ជុំវិញ​បញ្ហា​មេរោគ​ដល់​ពួក​និស្សិត​ IT ដូចជា​រូប​គាត់​ផង​ដែរ​ម្យ៉ាងវិញទៀត​វា​ក៏​បាន​បង្ហាញ​ពី​ផលិតផល​ថ្មី​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព​នៅ​ក្នុង​ការ​ការពារ​មេរោគ​ពី​កុំព្យូទ័រ។ ខណៈ​ពេល​នោះ​ដែរ ព្រះ​តេជគុណ​មួយ​អង្គ​ព្រះ​នាម សាយ​ សុខេង ដែល​កំពុង​សិក្សា​ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ​ក៏​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក បេ ចន្ត្រា ផង​ដែរ​ថា​ ទីផ្សារ​បច្ចុប្បន្ន​គឺ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ដូច​នេះ​ទីផ្សារ​ផ្នែក​បច្ចេកវិទ្យា​ក៏​តម្រូវ​ឱ្យ​យើង​ចេះ​រិះ​រក​យុទ្ធសាស្ត្រ​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ផង​ដែរ​ដូចនេះ​វា​តម្រូវ​ឱ្យ​យើង​ចេះ​ផ្សព្វផ្សាយ​ផលិតផល​របស់​យើង​តាម​រយៈ​បណ្ដាញ​សង្គម​ដូចជា Facebook ជា​ដើម​ ហើយ​ម្យ៉ាង​វិញ​ទៀត​ការ​ធ្វើ​អាជីវកម្ម​តាម​បច្ចេកវិទ្យា​គឺ​អាច​រកចំណូល​យ៉ាង​ងាយ​បំផុត។ នៅ​វេលា​ម៉ោង​ប្រហែល ១០:៣០ នាទី​ការ​ប្រារព្ធ​នៃ​សិក្ខាសាលា​នេះ​ត្រូវ​បាន​បញ្ចប់​​យ៉ាង​រលូន​និង​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល​បំផុត៕

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២