ក្រុមហ៊ុន​ Corning ​និង​ Samsung សហការ​គ្នា​ដើម្បី​ភ្ជាប់​ Lotus Glass ​ទៅ​ក្នុង​អេក្រង់ OLED


​ក្រុមហ៊ុន​ Corning ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ផលិត​ Gorilla Glass ​មាន​គុណភាព​ល្អ​ជាង​គេ​បាន​ប្រកាស​ថា​នឹង​ចុះ​កុងត្រា​រួម​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ Samsung ​ដើម្បី​ផលិត​កែវ​ថ្លា​សម្រាប់​អេក្រង់ OLED ​ឱ្យ​បាន​ល្អ​ជាង​មុន។​ ការ​រួម​សហការ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ហើយ​ព្រម​ទាំង​ភ្ជាប់​អេក្រង់​ប្រភេទ OLED ​របស់​ Samsung ជាមួយ​នឹង​បច្ចេកវិទ្យា​ Lotus Glass ​របស់​ក្រុមហ៊ុន​ Corning។​ អេក្រង់​ប្រភេទ​ថ្មី​នេះ​នឹង​ប្រើប្រាស់​នៅ​ក្នុង​ទូរស័ព្ទ​ឱ្យ​បាន​ល្អ​ដូច​នៅ​ក្នុង​ផលិតផល​ធំ​ៗ​ដែរ​ដូចជា​ទូរទស្សន៍​ជាដើម​ ហើយ​វា​នឹង​ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​ផលិតផល​របស់​ Samsung ​ទាំង​អស់​ និង​លក់​វា​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត​របស់​កូរ៉េ។​
គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុមហ៊ុន​ទាំង​ពីរ​ទទួល​បាន​ជោគជ័យ​ក្នុង​ភាព​ជា​ដៃ​គូរ​ជាមួយ​គ្នា​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ក្នុង​ការ​ផលិត​អេក្រង់​កញ្ចក់។​ លោក​ Wendell P. Weeks អគ្គនាយក​ក្រុមហ៊ុន​ Corning ​បាន​និយាយ​ថា៖ ​កម្លាំង​នៃ​ភាព​ជា​ដៃ​គូ​ក្នុង​មុខ​ជំនួញ​របស់​យើង​ បាន​ធ្វើ​ឡើង​នៅ​លើ​សមត្ថភាព​របស់​ Corning ​ក្នុង​ការ​អភិវឌ្ឍន៍​ និង​ការ​ផលិត​នូវ​កញ្ចក់​ជាមួយ​នឹង​បច្ចេកវិទ្យា​ចុងក្រោយ​ ដែល​វា​ជា​គន្លឹះ​ធ្វើ​ឱ្យ​ Samsung ​ទទួល​បាន​ជោគជ័យ​ជាមួយ​អេក្រង់​ផលិត​ផល​របស់​ខ្លួន៕

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២