កម្មវិធី​​កម្ចាត់​មេរោគ​កុំព្យូទ័រ Panda Security មក​ដល់​ខេត្ត​បន្ទាយមានជ័យ


កាល​ថ្ងៃ​ទី​៣០​ខែ​មករា​ឆ្នាំ​២០១២ នៅ​សាកល​វិទ្យាល័យ​បៀលប្រាយ ​សាខា​​ខេត្ត​បន្ទាយមានជ័យ​ ក្រុមហ៊ុន PerfexTech ​បាន​ធ្វើ​សិក្ខាសាលា​មួយ​ស្ដី​ពី “ពាណិជ្ជកម្ម​អាជីវកម្ម​និង​បច្ចេកវិទ្យា” ដែល​មាន​និស្សិត​ចូល​រួម​ចំនួន​ ១៥០​នាក់ ​មក​ពី​ជំនាញ​គ្រប់គ្រង​ ពាណិជ្ជកម្ម ​ហិរញ្ញវត្ថុ​ ធនាគារ​ និង​ព័ត៌មានវិទ្យា។​ ក្នុង​ឱកាស​នោះ​ដែរ​មាន​ការ​អញ្ជើញ​ចូលរួម​ និង​ប្រកាស​បើក​កម្មវិធី​ ដោយ​លោក​នាយក​សាខា​នៃ​សាកលវិទ្យាល័យ​បៀល​ប្រាយ​។​ លោក​បាន​មាន​ប្រសាសន៍​ថា៖​ នេះ​ជា​ឱកាស​ដ៏​វិសេស​វិសាល​ណាស់​ ដែល​ខាង​ក្រុមហ៊ុន PerfexTech អ្នក​នាំ​ចូល​កម្មវិធី​កម្ចាត់​មេរោគ Panda Security បាន​ចំណាយ​ពេល​សម្រាប់​ធ្វើ​សិក្ខាសាលា​មួយ​នេះ​ដែល​ជា​ទុន​មួយ​ក្នុង​សម័យ​បច្ចេកវិទ្យា​ សម្រាប់​និស្សិត​​នៅ​សាកលវិទ្យាល័យ​បៀលប្រាយ​ សាខា​ខេត្ត​បន្ទាយមានជ័យ។​ បន្ទាប់​ពី​​លោក​នាយក​សាខា​បាន​​ប្រកាស​បើ​កម្មវិធី​រួច​មក ​លោក ជី សុផាត​ មន្ត្រី​ទីផ្សារ​របស់​ក្រុមហ៊ុន PerfexTech ក្រោម​ប្រធានបទ “​មេរោគ​កុំព្យូទ័រ​និង​ការ​ការពារ​ក្នុង​ពិភព​អ៊ីនធឺណិត” ដែល​បាន​ធ្វើ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​និស្សិត​​ខេត្ត​បន្ទាយមានជ័យ​ ស្ដី​ពី​មេរោគ​កុំព្យូទ័រ​ និង​វិធីសាស្ត្រ​ការពារ​កុំ​ឱ្យ​មេរោគ​មក​យាយី​លើ​ទិន្នន័យ​ដោយ​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​​ស្ថិត​ក្នុង​លំដាប់​លេខ ១​ មក​ពី​​ប្រទេស​អេស្ប៉ាញ​ គឺ​កម្មវិធី​កម្ចាត់​មេរោគ Panda Security ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​មេរោគ​ដូចជា​ Virus, Worms, ​Trojans,​ Malwares,​ ​Spam,​ Spyware, Adware​, Hacker ​ក៏​ដូច​ជា​ការ​បោក​បញ្ឆោត​លើ​អ៊ីនធឺណិត​។ ​ពេល​នោះ​ដែរ​លោក បេ ចន្ត្រា ​ដែល​ជា​នាយក​គ្រប់គ្រង​កម្មវិធី​កម្ចាត់​មេរោគ Panda  Security បាន​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី “អាជីវកម្ម​និង​ទីផ្សារ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា” ដែល​បាន​ទាញ​ចំណាប់​អារម្មណ៍​សម្រាប់​និស្សិត​អំពី​ការ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​និង​សកម្មភាព​មួយ​ចំនួន​អំពី​ការ​លក់​ការ​ធ្វើ​ទីផ្សារ​និង​ការ​ធ្វើ​អាជីវកម្ម​នា​សម័យ​បច្ចេកវិទ្យា។ ​លោក បេ ចន្ត្រា ក៏​បាន​បង្ហាញ​ពី​បទពិសោធន៍​ជីវិត​ជា​ច្រើន​ដែរ​ធ្វើ​ឱ្យ​និស្សិត​មាន​ចំណាប់អារម្មណ៍​និង​មាន​សំនួរ​ជាច្រើន​ត្រូវ​បាន​ចោទសួរ​ធ្វើ​អោយ​សិក្ខាសាលា​មួយ​នេះ​បាន​បញ្ចប់​ដោយ​ភាព​រីករាយ​និង​ស្និទ្ធស្នាល​ជាទីបំផុត៕

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២