ទោះជាការផ្គត់ផ្គង់កុំព្យូទ័រកើនឡើងតែតម្លៃមិនចុះសោះ
ការលក់ម៉ាស៊ីនកុំព្យូទ័រមានកំណើនខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេស
បច្ចុប្បន្ននេះ កុំព្យូទ័ររាប់ពាន់គ្រឿងត្រូវបានលក់ជារៀងរាល់ខែ។
លោក Ashish Fitkariwala នាយកគ្រប់គ្រងមុខជំនួញក្រុមហ៊ុន Neeka Limited ដែលជាក្រុមហ៊ុនផ្គត់ផ្គង់កុំព្យូទ័រគ្រឿងបន្លាស់ និង ឧបករណ៍ផ្សេងៗបាននិយាយថាការលក់មានកំណើនឡើងយ៉ាងគំហុកតាំងពី៣ឆ្នាំមុនមកម្ល៉េះ។
លោកបាននិយាយថា “ចាប់តាំងពីមានវត្តមានរបស់ក្រុមហ៊ុនយើងនៅឆ្នាំ ១៩៩២ យើងសម្លឹងឃើញមានការប្រែប្រួលច្រើនក្នុងប្រទេសនេះ ហើយហាងលក់កុំព្យូទ័រក៏មានកំណើនដែរ។”
ក្រុមហ៊ុនឆាយហុក ដែលបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ២០០០ និង ជាក្រុមហ៊ុនលក់កុំព្យូទ័រ និងគ្រឿងបន្លាស់ផ្សេងៗក្នុងចំណោមហាងកុំព្យូទ័រជាច្រើននៅក្នុងប្រទេស ក៏ជាអ្នកមើលឃើញនូវការលូតលាស់ផ្នែកលក់នេះដែរ។
លោកលឹមវណ្ណា ជាអ្នកគ្រប់គ្រងគណនី នៃក្រុមហ៊ុនឆាយហុកបានឱ្យដឹងថា “កំណើនក្នុងការលក់កុំព្យូទ័រច្រើននេះបណ្ដាលមកពីការកើនឡើងយ៉ាងលឿននៃវិស័យសេដ្ឋកិច្ចជាតិ និង ការវិវត្តន៍ផ្នែកព័ត៌មានវិទ្យា។”
តម្រូវការកុំព្យូទ័រជាស្វ័យប្រវត្តិកើនឡើងដោយសារការផ្គត់ផ្គង់មានចំនួនច្រើន នេះបើតាមការឱ្យដឹងពីបទពិសោធន៍កន្លងមករបស់ឆាយហុក ដែលសព្វថ្ងៃបានពង្រីកសាខាចំនួនបីរួចមកហើយ។ការលក់កើនជាពិសេសចំពោះកុំព្យូទ័រយួរដៃ ដែលមានរហូតដល់ទៅ ៩០% នៃចំនួនកុំព្យូទ័រ និង គ្រឿងបន្លាស់ក្រុមហ៊ុននេះបានលក់ចេញ។
នៅប្រទេសកម្ពុជា មិនទាន់មានការរីកចម្រើនខ្ពស់ប៉ុន្មានទេបើប្រៀបធៀបជាមួយប្រទេសជិតខាងដូចជាវៀតណាម និង ថៃ តែយ៉ាងហោចណាស់យើងបានឈានជើងចូលពិភព ICT នឹងគេដែរ។លោក Ashish បាននិយាយថាភ្នាក់ងារដែលជំរុញការលក់នេះដោយសារកំណើនច្រើនហួសនៃក្រុមហ៊ុនអន្តរជាតិ ធនាគារ អង្គការនៅក្នុងប្រទេស ដែលតម្រូវការបច្ចេកទេសខ្ពស់ផ្នែកព័ត៌មានវិទ្យា។
តាមដែលធ្លាប់បញ្ជាក់កន្លងមកដោយអ្នកគ្រប់គ្រងផ្នែក IT បានឱ្យដឹងថាកុំព្យូទ័រប្រមាណ ៥០០០ទៅ៦០០០ក្នុងមួយខែនៅឆ្នាំ២០០៩ និងតាមការប៉ាន់ស្មាន អាចកើនដល់ ១០០០០គ្រឿងនៅថ្ងៃអនាគត។
ទោះជាយ៉ាងណាកំណើនតម្រូវការកុំព្យូទ័រមិនសូវជាប់ទាក់ទិនទៅនឹងការចុះតម្លៃទេដែលធ្វើឱ្យមានភាពចម្រូងចម្រាសរវាងអតិថិជន និង អ្នកផ្គត់ផ្គង់។
ក្រុមហ៊ុនឆាយហុក បានរកឃើញថា ៧០%នៃអតិថិជននិយាយថាកុំព្យូទ័រនៅថ្លៃខ្លាំងណាស់ ខណៈដែល៣០%ផ្សេងទៀតចង់បាននូវគុណភាពខ្ពស់។
លោក Ashish យល់ស្របទៅនឹងបញ្ហានេះដោយនិយាយថាវា មានភាពខុសគ្នាពីប្រទេសដទៃ។នៅប្រទេសអភិវឌ្ឍន៍
ប្រជាជនភាគច្រើនគិតថាកុំព្យូទ័រថ្លៃជាងនៅបណ្ដាលប្រទេសដទៃ។“តម្លៃនៅកម្ពុជាជារឿងរស៊ីបមួយ”៕

















