Cisco ពង្រឹង​គុណភាព​កម្មវិធី​សិក្សា​បន្ថែម​នៅ​កម្ពុជា​ឆ្នាំ​២០១២


កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ខែ​មករា​ឆ្នាំ​២០១២​កន្លង​ទៅ​ថ្មីៗ​នេះ Cisco បាន​រៀបចំ​សិក្ខាសាលា​ក្រោម​ប្រធាន​បទ​ជា​ភាសា​អង់គ្លេស​ថា ” Cisco Networking Academy 2012 “ នៅ​សណ្ឋាគារ​ណាហ្គាវើល “Naga World Hotel”។ ការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ គឺ​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​គុណភាព​នៃ​ការ​អប់រំ​បន្ថែម​ដល់​សាស្ត្រាចារ្យ ​ក៏​ដូច​ជា​លោក​គ្រូ​អ្នក​គ្រូ​ទាំង​អស់​ដើម្បី​យក​ចំណេះដឹង​ និង​គុណភាព​ជូន​ដល់​សិស្ស​និស្សិត​ក៏​ដូច​ជា​បុគ្គលិក​ក្រុមហ៊ុន​ ព្រមទាំង​ស្ថាប័ន​រដ្ឋ​និង​ឯកជន​ទាំង​អស់​ឱ្យ​មាន​ជំនាញ​ និង​ចំណេះដឹង​ពិតប្រាកដ​ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​នូវ​វគ្គ Cisco​នីមួយៗ​ដែល​គេ​កំពុង​តែ​ប្រើប្រាស់​ទូទាំង​ពិភពលោក។​បច្ចុប្បន្ន​​នេះ​នៅ​ប្រទេស​កម្ពុជា​កម្មវិធី​សិក្សា​Ciscoឬ​ហៅ​ថា Cisco Networking Academy ​ត្រូវ​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​ធំ​ៗ​និង​វិទ្យាស្ថាន​មួយ​ចំនួន​មាន​ដូចជា៖​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM),បញ្ញា​សាស្ត្រ (PUC),អាស៊ី​អឺរ៉ុប (AEU),TECHNO,UP,UME,វិទ្យាស្ថាន Sunrise,Saint Paul ,​ស្ថាប័ន​រដ្ឋ​NIDA,PNCនិង​អង្គការ​ក្រៅ​រដ្ឋាភិបាលYejj, DONBOSCO និង​ស្ថាប័ន​ផ្សេងៗ​ជា​ច្រើន​ទៀត។

លោក Jonh Lim ជា​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​របស់ Cisco បាន​មាន​ប្រសាសន៍​ថា” ការ​សិក្សា​អំពី​រចនា​សម្ពន្ធ​សុវត្ថិភាព​របស់ Cisco Networking Academy គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​គ្រប់គ្រង​បណ្ដាញ Network ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់“។
ចំណែក​លោក សំ សុផានី ជា​អ្នក​រៀបចំ​កម្មវិធី​សិក្ខាសាលា​បាន​ផ្ដល់​បទ​សម្ភាសន៍​ថា”​ការ​រៀបចំ​កម្មវិធី​នៅ​ថ្ងៃ​នេះ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្ដល់​ការ​អប់រំ​ដល់​សិក្ខាកាម​ក៏​ដូចជា​ដៃ​គូរ​របស់​ខ្លួន​បន្ថែម​នៅ​ទូទាំង​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​មាន​ដូច​ជា​ខេត្ត​បាត់ដំបង​ខេត្ត​តាកែវ​និង​ក្រុង​ភ្នំ​ពេញ។​ក្រៅ​ពី​ដៃ​គូរ​ដែល​បាន​សហការ​រួច Cisco នៅ​តែ​បន្ត​ស្វែងរក​ដៃគូ​សហការ​ផ្សេងៗ​ទៀត​ដើម្បី​ពង្រឹង​វិស័យ​នេះ​នៅ​កម្ពុជា​ប៉ុន្តែ​ដៃគូ​ដែល Cisco នឹង​សហការ​ជាមួយ​លុះត្រាតែ​មាន​លក្ខណៈ​គ្រប់គ្រាន់​ស្រប​តាម​ស្តង់ដារ​នៃ​ការ​អប់រំ​របស់ Cisco ទើប​អាច​ឱ្យ​បើក​ដំណើរការ។
សូម​បញ្ជាក់​ថា​កម្មវិធី​សិក្សា​របស់ Cisco បាន​ចូល​មក​ប្រទេស​កម្ពុជា​យើង​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ​មក​ដល់​ថ្ងៃ​នេះ​ហើយ​ក៏​មាន​សិស្ស​ជាង​៣៦០០​នាក់​ហើយ​បាន​មក​សិក្សា​នូវ​វគ្គ​របស់ Cisco​ក្នុង​នោះ​មាន​ដៃ​គូ​ចំនួន​២០​រួចរាល់​ដែរ​ប៉ុន្តែ​ចំនួន​នេះ​នៅ​តែ​ទាន់​ឆ្លើយតបទៅនឹង​តម្រូវ​ការ​បាន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​តម្រូវ​ការ​ទីផ្សារ​នៅ​កម្ពុជា៕

Leave a comment

រក្សាសិទ្ធិគ្រប់យ៉ាងដោយទស្សនាវដ្តីវិទ្យាសាស្រ្តកុំព្យូទ័រ ចេញផ្សាយឆ្នាំ ២០១២