ស្វែងយល់ពីបច្ចេកវិទ្យា eSATA សម្រាប់ថាសរឹងខាងក្រៅដែលមានល្បឿនលឿន
តើ eSATA គឺជាអ្វី ?
SATA ចាប់ផ្ដើមដំបូងត្រូវបានគេបង្កើតឡើងជាបច្ចេកវិទ្យាសម្រាប់ប្រើតែនៅខាងក្នុងម៉ាស៊ីនកុំព្យូទ័រប៉ុណ្ណោះ ដោយផ្ដល់នូវកម្រិតដំណើរការលឿន និងមានលក្ខណពិសេសច្រើន សម្រាប់ការចម្លងទិន្នន័យដោយមានល្បឿនជាង USB ដល់ទៅបីដង ។ បន្ទាប់មកអ្នកស្ថាបនិកវ័យឆ្លាតបានរកឃើញការបង្កើតថ្មីដែលអាចអាចអោយបច្ចេកវិទ្យា SATA នេះប្រើនៅខាងក្រៅកុំព្យូទ័របាន ដោយបាននាំនូវកម្រិតដំណើរការ និង លក្ខណពិសេសដូចគ្នាសម្រាប់ឧបករណ៍ផ្ទុកទិន្នន័យនៅខាងក្រៅជំនួសអោយការប្រើប្រាស់ USB ឬ ប្រភេទតភ្ជាប់ផ្សេងទៀត ។

បច្ចេកវិទ្យាដែលត្រូវបានគេបង្កើតថ្មីនោះត្រូវបានគេហៅថា eSATA ( External Serial Advanced Technology Attachment)ដែលអាចអោយគេប្រើប្រាស់ខ្សែបន្ថែមដែលមានប្រវែងរហូតដល់ទៅ ២ ម៉ែត្រ នៅខាងក្រៅម៉ាស៊ីនកុំព្យូទ័រដើម្បីទាញដើម្បីប្រើប្រាស់ជាមួយខ្សែ SATA សម្រាប់ឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅ ។ ហើយពេលនោះ SATA ត្រូវបានគេប្រើនៅខាងក្រៅ ដោយមានជាលក្ខណពិសេសនៃខ្សែ ប្រដាប់តភ្ជាប់ តម្រូវការចរន្ត ត្រូវបានគេដាក់ចេញជាស្ដង់ដារខ្សែ ថ្មីក្នុងឆ្នាំ 2004 ។ eSATA ផ្ដល់នូវកម្រិតដំណើរការលឿនជាងប្រភេទថាសរឹងខាងក្រៅផ្សេងៗហើយប្រើដក ឬ ដោតភ្ជាប់បានភ្លាមៗ ។

អនុភាពនៃការប្រើប្រាស់បច្ចេកវិទ្យា eSATA
ជាមួយនឹងការបង្ហាញ eSATA ជាលើកដំបូងដែលជាដំណោះស្រាយសម្រាប់ការផ្ទុកទិន្នន័យនៅផ្នែកខាងក្រៅ ហើយក្នុងពេលនោះដៃគូរប្រកួតប្រជែងផ្ទាល់សម្រាប់ឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅមានដូចជា firewire 1394 និង USB 2.0 ។ eSATA ជាទម្រង់ទាន់សម័យមួយនៃការតភ្ជាប់ថាសរឹងដែលត្រូវបានគេបង្កើតឡើងសម្រាប់ប្រើជាមួយកុំព្យូទ័រទំនើបៗ ។ ម្យ៉ាងវិញទៀតអ្នកនឹងចាប់ផ្ដើមឃើញមានកុំព្យូទ័រយួរដៃថ្មីៗជាច្រើនបានបញ្ចូលរន្ធ eSATA ដើម្បីអាចតភ្ជាប់ដោយផ្ទាល់ទៅកាន់ថាសរឹង eSATA សម្រាប់ការប្រើប្រាស់បន្ទាន់ ចំណែកឯម៉ាស៊ីនចាស់ៗមិនបានបញ្ចូលឡើយ ។ រន្ធ eSATA គឺជាជម្រើសគួរទទួលយកបានផ្សេងពីឧបករណ៍ដែលប្រើរន្ធ USB ហើយអាចមានល្បឿនលឿនជាងស្ទើរតែបីដងនៃ USB 2.0 ។ អ្នកអាចចម្លងឯកសារធំៗដែលមានទំហំដល់ទៅ 3GB តាម eSATA ដោយចំនាយពេលតិចបំផុតប្រហែល 1 នាទី 6 វិនាទី ហើយវាមានសារប្រយោជន៍សម្រាប់តម្រូវការបញ្ជូនឯកសារធំ ៗ ឬ ឯកសារចំនួនច្រើនមានទំហំធំក្នុងពេលតែមួយ ជាហេតុធ្វើអោយមានភាពងាយស្រួលសម្រាប់ធ្វើការចម្លងឯកសារពីកុំព្យូទ័រ ឬ ថែមទាំងចម្លងកុំព្យូទ័រទាំងមូលក៏បាន ។

គុណវិបត្តិ និង គុណសម្បត្តិនៃការប្រើប្រាស់ eSATA
eSATA មានអត្ថប្រយោជន៍លើសពីខ្សែ Parallel ( ខ្សែតភ្ជាប់ម៉ាស៊ីនព្រីនជាដើម ) ដោយសារវាមានប្រតិបត្តិការគួរទុកចិត្តជាងហើយមានភាពងាយស្រួលក្នុងការបញ្ចូល ឬ ដកឧបករណ៍ចេញនៅពេលដែលដំណើរការក៏បាន ( hot swapping) ។ លើសពីនេះទៅទៀតខ្សែរបស់វាមានទំហំតូច ហើយអត្ថប្រយោជន៍ដសំខាន់បំផុតនៃការប្រើប្រាស់បច្ចេកវិទ្យានេះ ដោយអាចបញ្ជូនទិន្នន័យបានលឿនជាង USB និង Firewire ប្រហែលបីដង ។ ខុសពីបច្ចេកវិទ្យាផ្សេងៗទៀត eSATA មិនចាំបាច់បកប្រែទិន្នន័យរវាងកុំព្យូទ័រ និងប្រភេទខ្សែរបស់វាឡើយ គឺគ្រាន់តែភ្ជាប់ និង ចម្លងចេញពីកុំព្យូទ័រទៅកាន់ ឧបករណ៍ខាងក្រៅដែលប្រើ eSATA ឬ ពី eSATA ទៅកាន់ម៉ាស៊ីនកុំព្យូទ័រតែប៉ុណ្ណោះ ដើម្បីជួយដល់ម៉ាស៊ីនកុំព្យូទ័រអាចសន្សំធនធានប្រើប្រាស់នៅលើ CPU ហើយថែមទាំងផ្ដល់អោយអ្នកប្រើប្រាស់នូវការបញ្ជូនទិន្នន័យបានលឿន ។ ក្នុងចំណោមគុណសម្បត្តិដ៏ច្រើន eSATA នូវមានគុណវិបត្តិមួយ ដោយហេតុផលសំខាន់គឺថាការតភ្ចាប់តាម eSATA មិនអាចផ្ដល់ថាមពលទៅអោយឧបករណ៍ខាងក្រៅបានដូច USB ឬ Firewire ឡើយ ។ ដូចនេះឧបករណ៍ខាងក្រៅដែលតភ្ជាប់តាម eSATA ត្រូវការខ្សែផ្ដល់ថាមពលបន្ថែម ដែលធ្វើអោយវាមិនអាចបង្កើតជាថាសរឹងតូចៗសម្រាប់ផ្ទុកទិន្នន័យដូច USB Flash ឡើយ ។ ប៉ុន្តែសម្រាប់ ឧបករណ៍ CD/DVD ឬ DVD ខាងក្រៅ តែងតែមាន Power Supply ជាចាំបាច់ដោយមិនខ្វល់ពីការតភ្ជាប់របៀបណាជាមួយកុំព្យូទ័រឡើយ ។ ដូច្នេះ eSATA សមស្របសម្រាប់ការបញ្ចូនទិន្នន័យដែលមានទំហំធំ ដូចជាប្រតិបត្តិការ Backup/restore នូវឯកសារច្រើន ជាដើម ។ អ្នកអាចប្រើខ្សែដែលមានប្រវែងដល់ទៅជិតពីរម៉ែត្រតភ្ចាប់ជាមួយ eSATA ហើយនៅពេលដែលទិញខ្សែ eSATA មួយត្រូវប្រយ័ត្នថាវាមិនមានទំហំខុសពីខ្សែ SATA ខាងក្នុង ហើយកន្លែងដោតខ្សែ SATA ខាងក្នុងនឹងមិនត្រូវរន្ធជាមួយរន្ធ eSATA នៅលើកុំព្យូទ័រឬ ថាសរឹងខាងក្រៅរបស់អ្នក ។
តម្រូវការសម្រាប់ប្រើប្រាស់ eSATA

ប្រដាប់តភ្ជាប់ eSATA គឺត្រូវការសម្រាប់ការប្រើប្រាស់ដាច់ដោយឡែកដើម្បីតភ្ជាប់ប្រើថាសរឹង eSATA ខាងក្រៅ ។ ហើយអ្វីដែលអ្នកត្រូវការដើម្បីអាចប្រើ eSATA គឺកុំព្យូទ័រមួយប្រើជាមួយគ្នាបានដែលមាន Motherboard បានបញ្ចូលរន្ធ eSATA មកជាមួយ ឬ កុំព្យូទ័រ ដែលមាន PCI Slot ទំនេរសម្រាប់ដោតកាត eSATA ដែលអាចអោយអ្នកតភ្ជាប់ថត eSATA តាមរយៈខ្សែ eSATA ។ បែបនេះ មិនមែនជាជម្រើសទូទៅសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រយួរដៃ ដោយសារតែមិនមែនថតបន្ថែមសម្រាប់ PCI ដែលអាចអោយអ្នកតភ្ជាប់ជាមួយ eSATA នៅលើកុំព្យូទ័រធម្មតា ។ ម្យ៉ាងវិញទៀតនៅមានឧបករណ៍បម្លែងជាច្រើនផ្សេងៗអាចប្រើជាមួយ eSATA ដែលអាចអោយអ្នកតភ្ជាប់ខ្សែ eSATA ទៅកាន់ឧបករណ៍តូចៗដែលអាចតភ្ជាប់តាមរយៈ USB 2.0 ដែលមានល្បឿន 32 Mbps ក្នុងមួយវិនាទី ។


















