Apple OS X 10.7 Lion ប្រព័ន្ធប្រតិបត្តិការថ្មីមានអ្វីផ្លាស់ប្ដូរ ?

នៅពេលក្រឡេកមើលប្រព័ន្ធប្រតិបត្តិការ Mac OS X Lion នេះភ្លាម វាមានមើលទៅស្រដៀងនឹងប្រព័ន្ធប្រតិបត្តិការពីមុនហៅថា Leopard ប៉ុន្តែការផ្លាស់ប្ដូរមួយចំនួនរបស់ Lion គឺជាការសម្រិតសម្រាងយ៉ាងល្អដែលផ្ដល់នូវបទពិសោធថ្មីដល់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ OS X ដែលកាន់តែសាមញ្ញ និងមើលទៅកាន់តែល្អប្រសើរឡើង ។ ក្រុមហ៊ុន Apple បានបង្កើតប្រព័ន្ធប្រតិបត្តិការជាច្រើនជំនាន់មកហើយ ប៉ុន្តែភាគច្រើនតែងតែផ្ដោតទៅលើអ្នកប្រើប្រាស់កុំព្យូទ័រជំនាញ គឺមិនមែនអ្នកប្រើកុំព្យូទ័រធម្មតាឡើយ ដោយផ្ដល់នូវផ្ទាំងកម្មវិធីដែលពិបាកយល់ក្នុងការប្រើប្រាស់ ។ ប៉ន្តែបញ្ហានេះបានចាប់ផ្ដើមផ្លាស់ប្ដូរជាមួយប្រព័ន្ធប្រតិបត្តិការ ជំនាន់ Lion ហើយគេអាចដឹងថាអ្នកប្រើប្រព័ន្ធប្រតិបត្តិការ Mac OS X ពីមុនមួយចំនួននឹងរួញរាចំពោះការផ្លាស់ប្ដូរទាំងនេះ ដោយសារវាបង្កើតឡើងដើម្បីឱ្យកាន់តែងាយស្រួលប្រើដោយមានគោលដៅសម្រាប់អ្នកប្រើប្រាស់ជាទូទៅ ។ គោលបំណងក្នុងការបង្កើត Lion គឺធ្វើឱ្យវាក្លាយជាប្រព័ន្ធប្រតិបត្តិការងាយស្រួលប្រើ ដោយបានយកលក្ខណពិសេសខ្លះតាម iOS បញ្ចូលទៅក្នុង OS X ហើយយ៉ាងនេះផ្ដល់ឱ្យអ្នកប្រើប្រាស់កាន់តែច្រើនមានហេតុផលគិតគួរពីកុំព្យូទ័រដែលមានគោលបំណងជាទូទៅ និង មានតម្លៃខ្ពស់នេះ ។ ជាការពិតណាស់ជំនាន់ Lion នេះត្រូវបានគេបង្កើតឡើងធ្វើឱ្យប្រព័ន្ធ ប្រតិបត្តិការដំណើរការកាន់តែលឿន រួមមានការល្បឿន Bootup កាន់តែលឿន លក្ខណពិសេសនៃ Multi-touch gestures កាន់តែប្រសើរ និង ការបើកកម្មវិធីទំហំពេញអេក្រង់ (Full Screen) និង ការបញ្ចូល App store និងលក្ខណពិសេសជាង 255 ថ្មីទៀត ។ ដោយសារតែមានលក្ខណពិសេសថ្មីច្រើនដូច្នេះយើងសួមលើកយកលក្ខណពិសេសសំខាន់ៗខ្លះមកបង្ហាញដូចខាងក្រោម ៖
បង្កើនលទ្ធភាពបញ្ជានៅលើ Touch pad
លក្ខណពិសេសសំខាន់មួយរបស់ Apple នៅក្នុងតារាងចាប់ផ្ដើមជាមួយលក្ខណពិសេស Multitouch gesture កាន់តែប្រសើរជាងមុន ដែលអាចឱ្យអ្នកប្រើម្រាមដៃ តែមួយ ឬ ច្រើន ច្បិចរំកិល ពង្រីក ផ្លាស់ប្ដូររវាងកម្មវិធី ហើយរំកិលនៅលើវ៉ិបដោយគ្រាន់តែប្រើម្រាមដៃមួយ ឬ ច្រើនជាងនេះទៅទៀត ។ វាបាននាំយកនូវលក្ខណនៃមុខងារ Touch ជាច្រើនពី iOS មកឱ្យអ្នកប្រើប្រាស់ MacBook ហើយ ការប្រើចង្អុលដៃរំកិលនេះក៏អាចប្រើជាមួយ Magic Mouse និង Magic Trackpad របស់ Apple ផងដែរ ។



ហើយលក្ខណពិសេសផ្សេងទៀតគឺការបើកកម្មវិធីជាទំហំពេញអេក្រង់ (Full-Screen) ដោយសារតែ OS X មិនមានលក្ខណពិសេសនេះជាច្រើនឆ្នាំមកហើយ ។ ទោះបីជាយ៉ាងណា ក្នុងពេលនេះ កម្មវិធីទាំងនោះអាចបើកមើលនៅក្នុងទំហំពេញអេក្រង់ដោយចុចលើប៊ុតុង Maximise នៅផ្នែកខាងលើនៃផ្ទាំង Window ។ ហើយជាពិសេសវាធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយមានទាំងការបិទ Menu bar ដោយស្វ័យប្រវត្តិ ដែលជាអ្វីមិនធ្លាប់មានពីមុនមកឡើយ ។ លក្ខណពិសេសសំខាន់ថ្មីចុងក្រោយគឺ Launchpad ដែលជាមុខងារប្រើដើម្បី
បង្ហាញកម្មវិធីដែលបានដំឡើង និង ទាញយក នៅក្នុងទម្រង់ជា iPad Grid ដែលបំពេញទៅដោយរូបតំណាងជាជួរអាចបិទបើក ឬទាញយកទៅដាក់ក្នុងថតឯកសារជាដើម ។
តាមពិតទៅ ជាមួយការផ្លាស់ប្ដូរដ៏សំបូរបែបទាំងនេះ មិនមែនបង្កើនលទ្ធភាពប្រើប្រាស់ប្រចាំថ្ងៃនៃ OS X ឡើយ គឺ គ្រាន់តែចង់នាំយកបទពិសោធកាន់តែជិតស្និទ្ធទៅនឹងប្រព័ន្ធប្រតិបត្តិការiOS ។

មុខងារចងចាំដោយស្វ័យប្រវត្តិ
ដូចទៅនឹងកម្មវិធី iPad apps ដែលចងចាំទីតាំងរបស់វានៅពេលមិនបានប្រើ ហើយបច្ចេកវិទ្យា Auto save ជំនាន់ Lion ថ្មីនេះអាចឱ្យអ្នកបិទកម្មវិធី Desktop ទោះបីជាអ្នកកំពុងតែកែឯកសារបានពាក់កណ្ដាលក៏ដោយ បន្ទាប់មកបើកវាឡើងវិញ ហើយភ្លាមនោះចាប់ផ្ដើមពីកន្លែងដែលអ្នកបានផ្អាកមកវិញដោយមិនចាំបាច់បារម្ពពីការរក្សាទុក ឬ ទាញយកឯកសារមកវិញឡើយ ។
ម្យ៉ាងវិញទៀត ជំនាន់ Lion នេះក៏អាចឱ្យអ្នកបើកឡើងវិញនូវ ផ្ទាំងកម្មវិធី និង Window ពីពេលមុនដែលអ្នកបានបើក ។ ហើយលក្ខណពិសេសថ្មីមួយឈ្មោះថា AirDrop ដែលអនុញ្ញាតឱ្យអ្នកបញ្ចូនទិន្នន័យរវាងម៉ាស៊ីន Lion ទៅម៉ាស៊ីន Mac នៅក្នុង Local ឬ ad-hoc Wireless connection ។


















